ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

Ministry of Social Affairs Veterans and Youth Rehabilitation

សារស្វាគមន៍របស់រដ្ឋមន្ត្រី

ឯកឧត្តម ជា សុមេធី

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

មតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមស្វាគមន៍ចំពោះការចូលទស្សនាគេហទំព័ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

មិត្តអ្នកអានជាទីគោរពរាប់អាន !

ក្នុងក្របខ័ណ្ឌនៃទស្សនវិស័យដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ និងផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ ”មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ”បច្ចកវិទ្យាឌីជីថល”។

ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅខាងលើ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវគោលនយោបាយសម្រាប់រយៈពេល៥ឆ្នាំ (ឆ្នាំ២០២៤-២០២៨) ស្តីពី «ការលើកកម្ពស់កិច្ចគាំពារសង្គម និងសេវាសង្គមកិច្ចដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច” ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌សេវាសង្គមកិច្ច និងកិច្ចគាំពារសង្គមសម្រាប់គ្រួសារក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ» និងផ្តោតជាសំខាន់លើកម្មវីធីចំនួន៤ធំៗ គឺៈ (១)លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសង្គមកិច្ច (២)លើកកម្ពស់ប្រសិទ្ធភាពក្នុងផ្តល់សេវាស្តារនីតិសម្បទា (៣)អនុវត្តកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល និង (៤)ការអភិវឌ្ឍសមត្ថភាពស្ថាប័ន។

គោលនយោបាយ និងកម្មវិធី ដែលក្រសួងបានដាក់ចេញខាងលើ បាននិងកំពុងចូលរួមចំណែកអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១.៥លាននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កិច្ចគាំពារសង្គមឆ្លើយតបទៅនឹងគ្រោះអាសន្ន ការបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីត មន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងគ្រួសារយោធិនពលី។

ក្រសួង បានរៀបចំចងក្រងនូវច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ព័ត៌មានស្តីពីសេវាសាធារណៈ និងសមិទ្ធផលការងារសម្រេចបានរបស់ក្រសួង នៅលើគេហទំព័រផ្លូវការនេះ ដើម្បីផ្សព្វផ្សាយ និងចែករំលែកជូនសាធារណជនទូទៅ ជាព័ត៌មាន និងចំណេះដឹងសម្រាប់ការសិក្សាស្រាវជ្រាវនានា។

ប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះ ក៏នឹងក្លាយជាវេទិកាផ្តល់ជូននូវព័ត៌មានថ្មីៗទាន់ហេតុការណ៍ ស្រាយបំភ្លឺនូវចម្ងល់ និងពិនិត្យពិចារណានូវរាល់មតិយោបល់ល្អៗដើម្បីស្ថាបនា និងសំណូមពរផ្សេងៗរបស់សាធារណជន។
ខ្ញុំសូមជូនពរ មិត្តអ្នកអាន សូមសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។