
នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសអយ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសអយ បានអនុញ្ញាតអោយលោកស្រីNajat Malala M’jad តំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកអំពើហឹង្សាលើកុមារ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកស្រីNajat Malala M’jad និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានមកកាន់ក្រសួងសអយ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ បានចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ពន្ធ័នឹងការលុបបំបាត់អំពើហឹង្សាលើកុមារស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។



ក្នុងឱកាសនោះ លោកស្រីNajat Malala M’jad ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមជា សុមេធី រដ្ឋមន្រ្តី ក្រសួងសអយ ដែលបានផ្តល់ឱកាសដល់លោកស្រី និងប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាកន្លងមកពិសេសការរៀបចំគោលនយោបាយ និងផែនការសកម្មភាពនានា ដែលបានរួមចំណែកដល់កិច្ចការពារកុមារ។ លោកស្រីក៏បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ដែលកម្ពុជាសម្រេចបានការឆ្លើយតបអំពើហឹង្សាលើកុមារ។ លោកស្រីក៏បានគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជាសមាជិកប្រទេសភាពជាដៃគូសកល(Pathfinding country) ដើម្បីបញ្ចប់អំពើហឹង្សាលើកុមារនៅកម្ពុជា។
ឆ្លើយតបនិងការលើកឡើងរបស់លោកស្រីNajat Malala M’jad ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជា នាពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្រ នានាមកដល់រដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តអនុវត្តការលុបបំបាត់អំពើហឹង្សាលើកុមារដើម្បីបញ្ចប់រាល់ទម្រង់នៃអំពើហឹង្សាលើកុមារត្រឹមឆ្នាំ២០៣០។

ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី២៦ ដែលបានប្រកាសជាផ្លូវការ ចូលជាសមាជិកប្រទេសភាពជាដៃគូសកល (Pathfinding country) ដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។
តាមការប្តេជ្ញាចិត្តទាំង៣ចំណុច កាលពីឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកតិ្តបណ្ឌិតឈ្លាសវៃនិងស្វាហាប់ បានដាក់ចេញ នូវកម្មវិធីជាច្រើនពិសេសកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស កម្មវិធីជាតិគាំពារសង្គមចាកចេញពីភាពក្រីក្រ កម្មវិធីអន្តរាគមន៍សម្រាប់ស្តារជីវភាព និងស្តាលំនៅឋានខូចខាតជូនគ្រួសារភៀសសឹកដែលបានវិលត្រឡប់ទៅលំឋានវិញ កម្មវិធីគាំពារសង្គមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារភៀសសឹក ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញ កម្មវិធីជំនួយសង្គមពិសេសជូនគ្រួសារភៀសសឹកដែលមិនអាចវិលត្រឡប់ទៅលំនៅឋានវិញ កម្មវិធីជំនួយសង្គមពិសេសជូនគ្រួសារភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញក្នុងខេត្តបន្ទាយមានជ័យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេងនិងឧស្ម័នឥន្ធន: ជាដើម ដែលកម្មវិធីទាំងអស់ខាងលើ បានគាំពារចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិសេសកុមារ មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍។










យើងបានដាក់ចេញផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហឹង្សាលើកុមារ ឆ្នាំ២០២៥ ២០៣០ ដែលជាសក្ខីកម្ម និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយបណ្តាប្រទេសនានាក្នុងសកលលោក ដើម្បីលុបបំបាត់អំពើហឹង្សាលើកុមារ និងឈានទៅសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០។
ក្នុងនាមជាសមាជិកប្រទេសភាពជាដៃគូសកលយើងនិងបន្តដឹកនាំ សម្របសម្រួលនិងពង្រឹងការអនុវត្តច្បាប់គោលនយោបាយផែនការសកម្មភាពនិងកម្មវិធីការងារនានា ដើម្បីទប់ស្កាប់គ្រប់ទម្រង់ នៃអំពើហឹង្សាលើកុមារឱ្យទទួលបានលទ្ធផលល្អ។











