ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ ស៊ូនី វង្សវិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពាក់កណ្ដាលឆ្នាំស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការរំកិលរយៈពេល២ឆ្នាំ ២០២៤-២០២៥ រវាងក្រសួង ស.អ.យ និងយូនីសេហ្វ

mosvy
2 ខែ​កក្កដា 2024

ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគ្រប់គ្រងសម្របសម្រួល និងអនុវត្តគម្រោងកម្មវិធី ភាពជាដៃគូរវាង យូនីសេហ្វ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពាក់កណ្ដាលឆ្នាំស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការរំកិលរយៈពេល២ឆ្នាំ ២០២៤-២០២៥ រវាងក្រសួង ស.អ.យ និងយូនីសេហ្វ ដែលប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ ១.០១ ទីស្ដីការក្រសួង ស.អ.យ.។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខា និងលោក លោកស្រី ប្រធាននាយកដ្ឋាន មន្រ្តីជំនាញ និងលោកស្រី Marianna Garofalo តំណាងយូនីសេហ្វ និងសហការី។


ផ្អែកតាមរបៀបវារៈ កិច្ចប្រជុំមានការធ្វើបទបង្ហាញអំពីវឌ្ឍនាភាពការងារសំខាន់ៗ បញ្ហាប្រឈម និងអាទិភាព របស់ផ្នែកនីមួយៗដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងកិច្ចពិភាក្សាលទ្ធផលការងារ និងទិសដៅអនុវត្តបន្ត ទៅលើកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងកម្មវិធីដែលគាំទ្រដោយយូនីសេហ្វសម្រាប់ត្រីមាសបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តមប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ជិតស្និទ្ធក្នុងកិច្ចសហប្រតិបត្តិការនេះ ដែលប្រកបដោយផ្លែផ្កា និងគួរជាទីមោទនៈក្នុងរយៈពេល១ឆមាសកន្លងមក។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងផ្ដល់នូវមតិយោបល់ល្អៗ ដើម្បីឱ្យដំណើរការកិច្ចសហប្រតិបត្តិការនៅត្រីមាសបន្ទាប់រវាង ក្រសួង ស.អ.យ. និង យូនីសេហ្វ កាន់តែទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់តាមការគ្រោងទុក៕

ព័ត៌មានជាប់ទាក់ទង