ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ក្រសួងសង្គមកិច្ច ចូលរួមតាំងពិព័រណ៍សមិទ្ធផលការងារនៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ

mosvy
11 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ សមិទ្ធផលរូបភាពសកម្មភាព និងសៀវភៅផែនការយុទ្ធសាស្ត្រ ច្បាប់ ឯកសារគតិយុត្តនានាពាក់ព័ន្ធវិស័យសង្គមកិច្ច រួមទាំងផលិតផលធ្វើដោយដៃរបស់ជនមានពិការភាព ព្រមទាំងឧបករណ៍ដៃជើងសិប្បនិមិ្មតនិងរណបជាច្រើន ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានយកទៅដាក់តាំងបង្ហាញនៅក្នុង «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣» នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ពីថ្ងៃ១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើការ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣» នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។

ឯកឧត្តម ហេង សួរ រំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ៣ម៉ឺននាក់ ខណៈក្នុងឆ្នាំ២០២៣នេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន១៥០ ដែលស្មើនឹង ១៨៨បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗ ដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធានារ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍និងបដិសណ្ឋារកិច្ច ម្ហូបអាហារនិងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្ម និងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារដែលមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាន និងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា គោលបំណងសំខាន់បំផុតនៃព្រឹត្តិការណ៍នេះ គឺការនាំឱ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ ដាក់ពាក្យសុំការងារដែលខ្លួនចូលចិត្ត ទទួលបានការប្រឹក្សាយោបល់អាជីព ការត្រៀមខ្លួនចូលធ្វើការងារយ៉ាងសកម្ម និងការស្វែងយល់ពីការបង្កើនផលិតភាព។

គួរឱ្យដឹងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការភីផលអិននិត ខេមបូឌា(People in Need Cambodia) និងអង្គការស្វីសខនថាក់ (Swiss Contact)៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026