
ទីស្តីការក្រសួង ស.អ.យ.៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានទទួលជួបលោកស្រី Dorsa Nazemi-Salman ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង និង ICRC ព្រមទាំងការផ្លាស់ប្តូរយោបល់លើការងារដែលមានសារៈសំខាន់ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច និងការគាំពារប្រជាពលរដ្ឋ ជាពិសេសការបន្តសហការគ្នាដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសង្គមដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយ និងការគាំទ្រ។






ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ ICRC ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស.អ.យ. ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជំនួបនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ១២ សីហា ២០២៦ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។














