ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនិងអភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខពលរដ្ឋចំនួន ១១៧គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ

mosvy
16 ខែ​តុលា 2023

កំពង់ស្ពឺ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋសរុបចំនួន ១១៧គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តម ជា សុមេធី អមដំណើរដោយមន្រ្តីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះពិនិត្យស្ថានភាពទឹកជំនន់បង្កដោយទឹកភ្លៀង និងសួរសុខទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ១១៧គ្រួសារ ខ្នងផ្ទះចំនួន ៩៧ផ្ទះ ក្នុងភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណនៃ វត្តបុទុមវន្តហៅវត្តក្រាំងក្រូច។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងអស់តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្តក្នុងសង្គម ប្រកបដោយសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្លាប់យ៉ាងល្អប្រសើរ ហើយស្ថានភាពនេះបាននិងកំពុងបង្កឱកាស ភាពកក់ក្តៅដល់ប្រជាជនកម្ពុជាគ្រប់រូបក្នុងការប្រកបការងារដើម្បីបង្កើនជីវភាព ដែលជាឱកាសក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចលើគ្រប់វិស័យឱ្យមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស បន្ថែមទៀត។

ទន្ទឹមនេះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យរស់នៅប្រកបដោយអនាម័យខ្ពស់ ពិសេសត្រូវបង្កាខ្លួនជៀសវាសជំងឺឆ្លងរាតត្បាតផ្សេងៗ និងត្រៀមលក្ខណៈក្នុងការស្តារ ដាំដុះដំណាំ បន្លែបង្កាឡើងវិញក្រោយពេលខូចខាតដោយគ្រោះទឹកជំនន់នាពេលនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពរស់នៅឡើងវិញ។ ជាពិសេស មើលថែរក្សាសមាជិកគ្រួសារ ជាក្មេងៗ និងមនុស្សចាស់ ដោយត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ដែលអាចបង្កគ្រោះថ្នាក់។

ឯកឧត្តម ជា សុមេធី ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានមេត្តាជួយយកចិត្តទុកដាក់ក្នុងការជម្លៀសប្រជាពលរដ្ឋ ក៏ដូចជាសត្វពាហនៈទៅរកទីទួលដែលមានសុវត្ថិភាព ជៀសវាងហានិភ័យដែលអាចកើតមានឡើងដោយយថាហេតុ។

ជាមួយគ្នានេះដែរ ឯកឧត្តម ជា សុមេធី ក៏បាននាំយកនូវអំណោយគ្រឿងបរិភោគផ្សេងដល់ពលរដ្ឋរងគ្រោះផងដែរ រួមមាន អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាក្នុងម្នាក់ចំនួន ៥០ ០០០រៀល។ ដោយឡែករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី ក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃ ៥០០ ០០០រៀលផងដែរ។

គួរឱ្យដឹងដែរថា នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣នេះ មានភ្លៀងធ្លាក់បានបណ្ដាលឱ្យមានទឹកជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅស្រុកគងពិសី និងស្រុកបសេដ្ឋ ចំនួន ៣៨៤គ្រួសារ ក្នុងភូមិចំនួន៨ នៃឃុំចំនួន៣ ដោយស្រុកបរសេដ្ឋ មានការប៉ះពាល់តែ ៥គ្រួសារ ហើយមកដល់ពេលនេះទឹកក៏ចាប់ផ្ដើមស្រកដែរ។

ដោយឡែក ករណីទឹកជំនន់ប៉ះពាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺខ្លាំងគឺនៅឃុំមហាឫស្សី ចំនួន២ភូមិ ប៉ះពាល់ ១៥០គ្រួសារ ឃុំព្រៃវិហារ ២ភូមិ ប៉ះពាល់ ៧៣គ្រួសារ ឃុំស្នំក្រពើ ៤ភូមិ ប៉ះពាល់ ១១៧គ្រួសារ។

ទន្ទឹមនោះដែរ ប្រជាពលរដ្ឋដែលជម្លៀសចេញរួមមាន ជនចាស់ជរា និងកុមារតូច ចំនួន ១៩នាក់ នៃចំនួន ២ទីតាំង។ ដោយទីតាំងទី១ ជម្លៀសបាន ១៧នាក់ មកនៅក្នុងវត្តបុទុមវន្ត ហៅក្រាំងក្រូច ឃុំស្នំក្រពើ និងទីតាំងទី២ ជម្លៀសពីមន្ទីរពេទ្យបង្អែកស្រុកគងពិសី ២នាក់ (ចាស់និងមានជំងឺប្រចាំកាយ)៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026