ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែតត្រូវដាក់សម្ពាធជាផ្លូវការ


បន្ទាយមានជ័យ៖ មជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)ឯកឧត្តម ស សុខា តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត។

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សប្រកប ដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានថ្លែងថា ពិធីថ្ងៃនេះគឺជាសក្ខីភាពបង្ហាញនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីមួយបន្ថែមទៀត លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលផ្តោតសំខាន់លើកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា “សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨” និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។

ឯកឧត្តមបន្ថែមថា៖ «ការបង្កើត និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះគឺជា ទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈ ការផ្តល់សេវាសមស្របទប់ស្កាត់រាល់អំពើជួញដូរមនុស្សក្នុងប្រទេសនិងឆ្លងកាត់ព្រំដែន ជាពិសេសការជួយជនរងគ្រោះតាមរយៈការស្តារនីតិសម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ»។

បើតាមឯកឧត្តមរដ្ឋមន្ត្រី មជ្ឈមណ្ឌលនេះមានផ្តល់ការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ: ចំនួន០៥មុខជំនាញ រួមមាន៖ កាត់ដេរ សាឡន ធ្វើម្ហូប/បង្អែម អគ្គិសនី ទឹក និងម៉ាស៊ីនត្រជាក់ផងដែរ។

មជ្ឈមណ្ឌលនេះជាជំនួយឥតសំណងពីព្រះរាជាណាចក្រថៃសម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តម ស សុខា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ចំពោះជំនួយនេះដោយថាជាកាយវិការសហប្រតិបត្តិការប្រកបដោយឆន្ទៈនយោបាយរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនិងការរំលោភបំពានផ្សេងៗទៀត ព្រម ទាំងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា៖ «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជន រងគ្រោះប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក្នុងការជួយដល់ជនរង គ្រោះ ជាពិសេសពលករ ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស»។

គួរឲ្យដឹងផងដែរថា មុនការសម្ពោធឲ្យប្រើប្រាស់មជ្ឈមណ្ឌលនេះក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ប្រារព្ធពិធីប្រគល់-ទទួលជានិមិត្តរូប កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាពផងដែរ៕ 

អត្ថបតទាក់ទង

  • ការវិភាគស្ថានភាពដំបូងស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជាឆ្នាំ ​២០១៩ Khmer Version

    mosvy/
    22 ខែ​កញ្ញា 2021
  • កម្មវិធីដែលនឹងត្រូវរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

    mosvy/
    22 ខែ​កញ្ញា 2021
  • ផ្ទាំងរូបភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

    mosvy/
    22 ខែ​កញ្ញា 2021
  • ឯកឧត្តម ជា សុមេធី បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA និងលោក HISAYOSHI KASAHARA ប្រធានអង្គការ JCIA

    mosvy/
    1 ខែ​ធ្នូ 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូកបី ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី៨ (8th AMMSWD+3) «ការពង្រឹងកិច្ចគាំពារសង្គមដែលមានការឆ្លើយតប សម្រាប់ក្រុមជនងាយរងគ្រោះនៅក្នុងសហគមន៍អាស៊ាន»

    mosvy/
    10 ខែ​ធ្នូ 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី១២ «ការពង្រឹងកិច្ចគាំពារសង្គមដែលមានការឆ្លើយតប សម្រាប់ក្រុមជនងាយរងគ្រោះនៅក្នុងសហគមន៍អាស៊ាន»

    mosvy/
    3 ខែ​កញ្ញា 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាមម្ដាយអាយុក្រោម ២ឆ្នាំ

    mosvy/
    29 ខែ​សីហា 2025
  • លិខិតពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump

    mosvy/
    28 ខែ​សីហា 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំ នៃក្រសួងស.អ.យ. បានចុះសួរសុខទុក្ខវីរកងទ័ព

    mosvy/
    8 ខែ​ធ្នូ 2025