
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា។






ពិធីនេះមានការចូលរួមពីអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ថ្នាក់ដឹកនាំអនុគណៈកម្មការដោះស្រាយបញ្ហាជនអនាថារាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត និងអង្គការដៃគូពាក់ព័ន្ធ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បញ្ហាជនអនាថាគឺជាបញ្ហាសង្គមដ៏ស្មុគស្មាញ និងជាកិច្ចការពហុវិស័យ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា ក្នុងគោលបំណងធានាការដោះស្រាយប្រកបដោយការទទួលខុសត្រូវ មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ និងរួមចំណែកលើកកម្ពស់សេចក្តីថ្លៃថ្នូរ សណ្តាប់ធ្នាប់ និងមុខមាត់ប្រទេសជាតិ។
គោលនយោបាយថ្មីនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិសាលភាព និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជំនួយសង្គម ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលជាក្រុមរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម។
អនុសាសន៍សំខាន់ៗសម្រាប់ការអនុវត្តគោលនយោបាយ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តគោលនយោបាយ រួមមាន៖
១. គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ត្រូវបន្តរៀបចំអនុក្រឹត្យស្តីពីកិច្ចគាំពារ និងគ្រប់គ្រងជនអនាថា ពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងអនុគណៈកម្មការរាជធានី-ខេត្ត។ ទន្ទឹមនេះ ត្រូវពង្រឹងការអនុវត្តច្បាប់ និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរៃអង្គាសថវិកាដោយគ្មានការអនុញ្ញាត ការកេងប្រវ័ញ្ច និងការរំលោភបំពានលើសិទ្ធិស្ត្រី កុមារ ជនមានពិការភាព និងមនុស្សវ័យចាស់។
២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំ និងអនុវត្តនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រងកន្លែងសំចតសុវត្ថិភាព និងមជ្ឈមណ្ឌលឯកទេសសង្គមកិច្ច ដើម្បីធានាស្តង់ដារ និងគុណភាពសេវា។ ត្រូវពង្រឹងការប្រមូល និងគ្រប់គ្រងទិន្នន័យជាប្រចាំ រួមទាំងប្រព័ន្ធឌីជីថល សម្រាប់គាំទ្រការកំណត់អត្តសញ្ញាណ ការគ្រប់គ្រងករណី ការរៀបចំរបាយការណ៍ និងការសម្រេចចិត្តផ្អែកលើភស្តុតាង។ ជាមួយគ្នានេះ ត្រូវសិក្សា និងកែសម្រួលមណ្ឌលសំចតដែលមានស្រាប់ទៅជាមជ្ឈមណ្ឌលថែទាំ ស្តារនីតិសម្បទា ឬមជ្ឈមណ្ឌលឯកទេសសង្គមកិច្ច និងពង្រឹងសមត្ថភាពមន្ត្រី និងកម្លាំងសេវាសង្គមកិច្ចគ្រប់កម្រិត។
៣. ក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីសិក្សាលទ្ធភាពប្រើប្រាស់ធនធាននៅតាមវត្តអារាម និងវិហារសាសនា សម្រាប់ផ្តល់ការស្នាក់នៅ និងការគាំទ្រដល់ជនអនាថាជាមនុស្សចាស់គ្មានទីពឹង ស្របតាមតម្រូវការ។
៤. រដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងយន្តការប្រមូលផ្តុំ កំណត់អត្តសញ្ញាណ និងបញ្ជូនបន្តជនអនាថា តាមរយៈកិច្ចសហការអន្តរស្ថាប័ន។ ត្រូវពង្រឹងការរាយការណ៍ និងការស៊ើបអង្កេតករណីកេងប្រវ័ញ្ច បង្កើតកន្លែងសំចតសុវត្ថិភាពសម្រាប់ការស្នាក់នៅបណ្តោះអាសន្ន និងការកំណត់អត្តសញ្ញាណបឋម ព្រមទាំងបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងនៅក្នុងសហគមន៍។
៥. ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបញ្ចូលផែនការសកម្មភាពបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាជនអនាថា ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធានាការអនុវត្តជាក់ស្តែង មានប្រសិទ្ធភាព និងចីរភាព។
ការដាក់ឱ្យអនុវត្តគោលនយោបាយនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងការផ្តល់សេវាសង្គមកិច្ច ដោយផ្តោតលើការការពារ ការគាំពារ ការស្តារនីតិសម្បទា និងការធ្វើសមាហរណកម្មជនអនាថាទៅក្នុងសង្គម ស្របតាមគោលការណ៍ មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោល។






















