ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

mosvy Author
9 ខែ​មេសា 2026

ទីស្តីការក្រសួង ស.អ.យ. រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមជា សុ មេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា បានអញ្ជើញចូលរួមជាធិបតី និងប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច” ។ កម្មវិធីនេះ ទទួលបានការគាំទ្រពី អង្គការ ការីតាស (Caritas Cambodia ) ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង ស.អ.យ.  ថ្នាក់ដឹកនាំ មន្ត្រីរាជការតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានអប់រំ សរុប ២៧០ នាក់។

គោលបំណងនៃការរៀបចំសៀវភៅ ស សង្គមកិច្ច គឺដើម្បីធ្វើជាមគ្គុទ្ទេសក៍ផ្អែកលើភស្តុតាង និងឧត្តមានុវត្តន៍ក្នុងការរៀបចំគោលនយោបាយជាតិស្តីពីសង្គមកិច្ចឱ្យមានប្រសិទ្ធភាពនិងអនុវត្តបានជោគជ័យ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ «សៀវភៅ ស សង្គមកិច្ច» មានន័យថាសៀវភៅបង្ហាញពីការពិតនៃតម្រូវការ និងការផ្គត់ផ្គង់សេវានៅក្នុងវិស័យសង្គមកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយការពិតនោះគឺផ្អែកលើភស្តុតាង និងឧត្តមានុវត្តន៍ ដែលក្រុមការងារបានធ្វើការសិក្សាស្រាវជ្រាវទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាមួយនឹងការចូលរួមផ្តល់ធាតុចូល និងគាំទ្រពីក្រសួង ស្ថាប័ន និងសមាគម អង្គការមិនមែនរដ្ឋាភិបាលជាច្រើន។ អ្វីដែលកាន់តែពិសេសនិងគួរឱ្យចាប់អារម្មណ៍នៃសៀវភៅនេះ គឺការបង្ហាញពីប្រវត្តិសាស្ត្រនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់តាំងពីការបញ្ចប់នៃសម័យអាណានិគមនិយមបារាំង ឆ្នាំ១៨៦៣ មកដល់បច្ចុប្បន្ន អាចចាត់ទុកបានជាឯកសារប្រវត្តិសាស្តមួយសម្រាប់វិស័យសង្គមកិច្ច និងសម្រាប់ការបណ្តុះបណ្តាល ព្រមទាំងការសិក្សាស្រាវជ្រាវនានារបស់សិស្សានុសិស្សនៅកម្រិតឧត្តមសិក្សាផងដែរ។

ក្នុងពិធីប្រកាស ផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច” ខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អានុសាសន៍ ចំនួន៥ ចំណុចដូចជា៖

១. អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច ត្រូវបោះពុម្ពសៀវភៅ ស សង្គមកិច្ច បន្ថែមទៀត ដើម្បីចែកជូនគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ បណ្តុះបណ្តាល ទាំងរដ្ឋ ឯកជន និងអង្គការដៃគូ ឱ្យបានទូលំទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
 
២. ក្រុមការងាររៀបចំគោលនយោបាយ ត្រូវដាក់បញ្ចូលយុទ្ធសាស្ត្រសម្រាប់ការវិនិយោគនិងពង្រីកទីផ្សារការងារនៃសេវាឯកទេសសង្គមកិច្ច ទាំងក្នុងវិស័យរដ្ឋ ឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទៅក្នុងគោលនយោបាយជាតិស្តីពីសង្គមកិច្ចដែលកំពុងរៀបចំ
 
៣. វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវពង្រឹងការបណ្តុះបណ្តាលជំនាញនានាសម្រាប់ការផ្តល់សេវាឯកទេស ដោយផ្តោតលើការអនុវត្តបែបគ្លីនិកជាមួយអតិថិជនជាចំបង ដូចជាការគ្រប់គ្រងករណី ការស្តារមុខងារបុគ្គល ការស្តារ ចិត្តសង្គម និងការថែទាំសង្គមសម្រាប់មនុស្សវ័យចាស់ ជនមានពិការភាព ជនវិបល្លាសស្មារតី ជាដើម
 
៤. គ្រប់អគ្គនាយដ្ឋានចំណុះឱ្យក្រសួង ស.អ.យ. ត្រូវរៀបចំគម្រោងនានាដើម្បីកៀរគរធនធានថវិកាពង្រឹងសេវា ឯកទេស និងបង្កើនចំនួន និងពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម ជាពិសេសអ្នកអាជីពសង្គមកិច្ច និងអ្នកសង្គមកិច្ចសម្ព័ន្ធ តាមរយៈការសហការជាមួយក្រសួង ស្ថាប័ន ដែលជាសម្ព័ន្ធនឹងវិស័យសង្គមកិច្ច ដៃគូអភិវឌ្ឍន៍ និងវិស័យ ឯកជន ឱ្យបានច្រើនតាមដែរអាចធ្វើទៅបាន
 
៥. ស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការដៃគូចូលរួមគាំទ្រលើការរៀបចំគោលនយោបាយជាតិស្តីពីសង្គមកិច្ច ឱ្យបានផុលផុស ព្រមទាំងជួយជំរុញឱ្យមានការជ្រើសអ្នកអាជីពសង្គមកិច្ច ជាពិសេសអ្នកឯកទេសគ្រប់គ្រងករណី និងឯកទេសចិត្តសង្គម បានចូលបម្រើការងារនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព សាកលវិទ្យាល័យ សាលារៀន រោងចក្រ សហគ្រាសធំៗ និងនៅតាមពន្ធនាគារជាដើម ដើម្បីអាចជួយដល់កុមារនិងជនដែលរងគ្រោះដោយសារបញ្ហាសង្គមបានទាន់ពេលវេលា។

ព័ត៌មានជាប់ទាក់ទង