ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

UNDP និង ក្រសួងសង្គមកិច្ចនឹងធ្វើការជាមួយគ្នា ដើម្បី រៀបចំគោលនយោបាយមនុស្សវ័យចាស់

mosvy
31 ខែ​ឧសភា 2021

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជួបពិភាក្សាការងារជាមួយលោក Nick Beresford តំណាងនិវេសនដ្ឋានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ការសម្របសម្រួល និងពង្រឹងកិច្ចប្រតិបត្តិការរវាងក្រសួង និង UNDP លើវិស័យសង្គមកិច្ច ដែលក្នុងនោះបានផ្តោតសំខាន់លើវិស័យសុខុមាលភាពមនុស្សចាស់។

តាមរយៈការចុះហត្ថលេខានាពេលនេះ អង្គការ UNDP និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តាមរយៈនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ នឹងធ្វើការជាមួយគ្នាទៅលើកម្មវិធីសំខាន់ៗចំនួន ៤ ក្នុងការបង្កើនប្រសិទ្ធភាព និង គុណភាព នៃ ការផ្តល់សេវាកម្មជូនមនុស្សវ័យចាស់នៅ កម្ពុជា ។ នេះគឺជាការលើកឡើងរបស់លោក គុណ ជាស៊ីន ប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអង្គការ UNDP និង ក្រសួងសង្គមកិច្ច ដើម្បីបង្កើនសមត្ថភាពស្ថាប័ន និង ដើម្បី អនុវត្តគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់នៅ។

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជា មានប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ ក្នុងការគោរព ដឹងគុណ និងទំនុកបម្រុងមនុស្សវ័យចាស់ ដែលប្រការនេះ ស្របទៅនឹងអ្វីដែលអង្គសហប្រជាជាតិផ្តល់ជូនដែរ ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មានប្រសាសន៍ថា ការគោរព និងការយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ គឺជាអ្វីដែលមានសារសំខាន់សម្រាប់វប្បធម៌ខ្មែរ ។ ក្នុងស្មារតីនេះ ការធានាឱ្យមនុស្សចាស់រស់នៅប្រកបដោយគុណភាពកម្រិតខ្ពស់ តែងតែជាអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា ។ ផ្អែកតាមគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ រាជរដ្ឋាភិបាលនឹងសហការជាមួយ UNDP ក៏ដូចជា ដៃគូដទៃទៀត ដើម្បី លើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា និងកសាងនូវប្រព័ន្ធគាំពារសង្គមដែលកាន់តែរស់រវើកមួយ សម្រាប់គាំទ្រដល់ប្រជាជនគ្រប់រូប ពេញមួយវដ្ត នៃ ជីវិតរបស់ពួកគាត់។
ជាការកត់សម្គាល់ខណៈបច្ចុប្បន្ន កម្ពុជា គឺជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ប្រជាជននៅក្នុងប្រទេសនេះក៏កាន់តែមានវ័យចំណស់កាន់តែច្រើនឡើងៗដែរ។ ក្នុងឆ្នាំ ២០១៩ ប្រជាជន ៨,៩ ភាគរយ មានអាយុ ចាប់ពី ៦០ ឆ្នាំឡើងទៅ ដែលទិន្នន័យនេះ បានកើនឡើង ៥,២៥ ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ ហើយតួលេខនេះត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២១ ភាគរយ ក្នុងឆ្នាំ ២០៥០។ និន្នាការទាំងនេះ មានន័យថា នៅក្នុងរយៈពេលច្រើនទសវត្សរ៍ខាងមុខនេះ ប្រជាជនឋិតក្នុងវ័យកម្លាំងពលកម្មនឹងកាន់តែមានចំនួនតិចទៅៗ ក្នុងការរ៉ាប់រងបន្ទុកជួយឧបត្ថម្ភគាំទ្រដល់ក្រុមមនុស្សវ័យចាស់ដែលកាន់តែមានចំនួនច្រើននៅក្នុងប្រទេស៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026