ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីស្តីទី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានការចាប់អារម្មណ៍ខ្លាំងចំពោះកិច្ចការពិការភាព និងបានសន្យាថានឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន។

mosvy
19 ខែ​តុលា 2023

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅសណ្ឋាគារសូហ្វីតែល រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីស្តីទីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចការពិការភាព និងបានសន្យាថានឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន នាឱកាសទស្សនាស្តង់ពិព័ណ៌របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបជូននាយករដ្ឋមន្ត្រីស្តីទីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ថាវិស័យពិការភាពមានការរីកចម្រើនខ្លាំងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្តេចមហាបវរសេនាធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ដល់ជនមានពិការភាពនៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបជូននាយករដ្ឋមន្ត្រីស្តីទីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ទៀតថា ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន តែងបានគិតគូរពីសុខមានលភាពជនមានពិការភាពជានិច្ច។

ថ្លែងក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាពថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីបានថ្លែងថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១% សម្រាប់វិស័យឯកជន ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣ ៧៤៨នាក់ (ស្រី ២៣%) បំរើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជនដែលមានពិការភាពមានចំនួន ៥ ៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង ២៩១គ្រឹះស្ថានឯកជន។ លើសពីនេះទៅទៀត សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និងសកម្មភាពនានាដែលបង្ហាញថាគ្មានការរើសអើងចំពោះជនដែលមានពិការភាព នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជាយើង និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអគ្នេយ៍លើកទី១២ ដែលហៅកាត់ថា អាស៊ានប៉ារ៉ាហ្គេម ដោយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីបានរអំពាវឱ្យគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

នាយករដ្ឋមន្ត្រីស្តីទី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តអំពាវនាវឱ្យមានការចូលរួមអនុវត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ស្តង់ដារជាតិសកម្មភាពមីន ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គោលនយោបាយជាតិ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត ហើយចូលរួមលើកទឹកចិត្ត និងជ្រើសរើសជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ និងវិស័យឯកជនបន្ថែមទៀត ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំឱ្យចូលរួមធ្វើការផ្សព្វផ្សាយស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ដល់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026