ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «បណ្ណសម្គាល់ជនមានពិការភាព»

mosvy
30 ខែ​តុលា 2023

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ «បណ្ណសម្គាល់ជនមានពិការភាព» ជូនដល់ជនមានពិការភាពនៅកម្ពុជា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី និងលោកនាយកប្រចាំប្រទេសអង្គការយូនីសេហ្វ (Unicef) លោក វីល ផាកស៍ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក IGOR DRIESMANS នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តម ជា សុមេធី បានកោតសរសើរចំពោះអង្គការយូនីសេហ្វ សហភាពអឺរ៉ុប អភិបាល នៃគណៈអភិបាលរាជធានីខេត្ត ទាំង២៥ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាលាក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ ដែលតែងតែរួមសហការគ្នាជាមួយក្រសួង ដែលមានអគ្គនាយកដ្ឋានស្តារសម្បទា និងនាយកដ្ឋានសុខុមាលភាពជនពិការ ជាសេនាធិការក្នុងការអនុវត្តការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជូនដល់ជនមានពិការភាព សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្នុងបរិបទនេះ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាកត្តាដ៏សំខាន់ដើម្បីសម្រេចបាន “កំណើនសេដ្ឋកិច្ច គ្រួសារ ប្រកបដោយសមភាព និងបរិយាបន្ន ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះសន្តិសុខប្រាក់ចំណូលរបស់ប្រជាជន។

ឯកឧត្តមថ្លែងថា៖ «រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺ “ការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការ អភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច»។

ឯកឧត្តម ជា សុមេធី គូសបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញការអនុវត្តកម្មវិធីអត្តសញ្ញាណកម្ម ពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅទូទាំងប្រទេសចាប់តាំងពីឆ្នាំ២០២០ ដើម្បីរៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាពឱ្យមានបទដ្ឋានជាក់លាក់ រួមមួយប្រកបដោយសង្គតិភាព តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ជីវភាព ការទទួលបានសេវាសង្គម ការអភិវឌ្ឍដល់ជនមានពិការភាព កិច្ចអន្តរាគមន៍នានា និងប្រើប្រាស់ជាទិន្នន័យសម្រាប់កំណត់ក្រុមគោលដៅរបស់កម្មវិធី និងរបបក្នុងប្រព័ន្ធគាំពារសង្គម។

ឯកឧត្តម ជា សុមេធី អះអាងថា ការផ្តល់បណ្ណសម្គាល់ជនមានពិការភាព ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ ពីវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាផ្សេងៗ ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បច្ចុប្បន្ននេះ ជនមានពិការភាពចំនួន ២៨៨ ៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោលឃុំសង្កាត់ នៅទូទាំងប្រទេស ហើយក្រសួងបានផលិតបណ្ណសម្គាល់ជនមានពិការភាព បានចំនួន ២២២ ១៤៨បណ្ណ។

ឯកឧត្តមបន្តថា ថ្វីត្បិតតែក្រសួងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាពជនពិការយ៉ាងណាក៏ដោយ ក៏ជនមានពិការភាពនៅមានឧបសគ្គជាច្រើនទៀត ដែលក្រសួងត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនោះឱ្យកាន់តែទូលំទូលាយ និងក្តាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដល់មន្ត្រីក្រសួងសង្គម
បន្តសហការជាមួយក្រសួងផែនការ លើការបន្សំផែនការសកម្មភាព ក្នុងការកំណត់អត្តសញ្ញាណ កម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។ បន្តសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដែលពាក់ព័ន្ធនឹងការងារពិការភាព ជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព ដើម្បីបន្តចេញបណ្ណសម្គាល់ពិការភាពប្រកបដោយ តម្លាភាព និងបរិយាបន្ន។ បន្តសហការជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្នុងការកំណត់លក្ខណៈវិនិច្ឆ័យប្រភេទ និងកម្រិតពិការភាព ជូនដល់ជនមានពិការភាព ដែលត្រូវការបញ្ជាក់ ដើម្បីទទួលបានផល ប្រយោជន៍ និងសេវានានា។

ជាមួយគ្នានេះ ត្រូវបន្តជំរុញក្រសួង ស្ថាប័ន និងវិស័យឯកជន ឱ្យទទួលជនមានពិការភាពចូលបម្រើការងារតាមអត្រា កំណត់ ២% សម្រាប់ស្ថាប័នរដ្ឋ និង ១% សម្រាប់វិស័យឯកជន។ ទន្ទឹមនេះត្រូវ រៀបចំនីតិវិធីអន្តរាគមន៍លើសេវាយុត្តិធម៌ដល់ជនមានពិការភាព ក្នុងនោះមាន ការទទួលបណ្ដឹងតវ៉ា និងដោះស្រាយសំណូមពររបស់ជនមានពិការភាព និងបន្តជំរុញការងារបណ្ដុះបណ្តាលវិជ្ជាជីវៈ ការផ្តួចផ្តើមមុខរបប និងផ្គូរផ្គងការងារជូនជនមានពិការ ភាពគ្រប់ប្រភេទ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026