ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ចិនចាប់ផ្ដើមជួយដល់ការពង្រឹងវិស័យពិការភាពនៅកម្ពុជា

mosvy
24 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានពិភាក្សាការងារជាមួយនាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៅសាធារណរដ្ឋម៉ាណិតចិន លោក ហ៊ូ គ័រឆាង(HU Guoqiang) និងទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា លោក លីន រ៉ូហួរ(Lin Ruihua) នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ក្រោយពីបញ្ចប់កម្មវិធីប្រគល់ និងទទួលរណបជំនួយទ្រទ្រង់រាងកាយជាអំណោយរបស់មជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបនោះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនមានពិការភាព និងបានផលិតឧបករណ៍ជំនួយសម្រាប់ជនមានពិការភាព ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏មិនអាចបំពេញតម្រូវការរបស់ជនមានពិការភាព ដោយសារតែរោងចក្រផលិតនៅមានកម្រិតនៅឡើយ ខណៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជាបានបម្រើឱ្យជនមានពិការភាពប្រមាណ២ម៉ឺននាក់ក្នុងមួយឆ្នាំ។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បន្តថានៅកម្ពុជាមានជនមានពិការភាពជាង៧០ម៉ឺននាក់ នៃចំនួនប្រជាជនសរុប១៣លាននាក់ ខណៈជនមានពិការភាពបច្ចុប្បន្នកំពុងតែប្រឈមនឹងបញ្ហាជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់ចរាចរណ៍។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី រដ្ឋលេខាធិការឯកឧត្តម ឯម ច័ន្ទមករា សង្ឃឹមថា រដ្ឋាភិបាលចិននឹងពិចារណាក្នុងការផ្តល់ជំនួយបច្ចេកទេសខាងផ្នែកសម្ភារទាំងអស់នេះដើម្បីបំពេញតម្រូវការជនមានពិការភាពនៅកម្ពុជា។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងប្រាប់ថា រាជរដ្ឋាភិបាលកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការនៅជ្រោយក្រុង ដោយបច្ចុប្បន្នសាងសង់បាន៣០ភាគរយ ដោយក្នុងមជ្ឈមណ្ឌលនោះនឹងរៀបចំឱ្យមានរោងចក្រផលិតរទេះរុញសម្រាប់ជនមានពិការភាព រោងចក្រផលិតដៃជើងសិប្បនិម្មិត និងរោងចក្រផលិតឈើច្រត់ និងមានមន្ទីរពេទ្យ និងភោជនីយដ្ឋានផងដែរ។ បើតាមឯកឧត្តម ឯម ច័ន្ទមករា នៅពេលដែលមជ្ឈមណ្ឌលនោះកសាងរួច ទីតាំងនេះនឹងក្លាយជាកន្លែងប្រមូលផ្តុំរបស់វិស័យពិការភាព។

ជាការឆ្លើយតប នាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៅសាធារណរដ្ឋម៉ាណិតចិន លោក ហ៊ូ គ័រឆាង(HU Guoqiang) បានលើកឡើងថា លោកចាប់អារម្មណ៍ចំពោះគម្រោងសាងសង់មជ្ឈមណ្ឌលជាតិជនពិការនៅកម្ពុជា ហើយលោកនឹងយកបញ្ហាដែលឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងខាងលើនេះ ទៅពិភាក្សាជាមួយនឹងសហព័ន្ធជនពិការនៅប្រទេសចិន ហើយនឹងសង្ឃឹមថានឹងទទួលបានការគាំទ្រពីក្រសួងការបរទេសចិន។

លោក ហ៊ូ គ័រឆាង បានថ្លែងថា៖«ដើម្បីពង្រឹង និងដើម្បីផលប្រយោជន៍នៃទំនាក់ទំនងប្រទេសទាំងពីរ ខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែមទៀត»។

បន្ថែមពីនេះ ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា លោក លីន រ៉ូហួរ(Lin Ruihua) ក៏បានលើកឡើងដែរថា ក្នុងនាមលោកតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា ដែលជាស្ពានចម្លងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីស្វែងរកភាគីដែលពាក់ព័ន្ធដែលស្របគ្នានឹងវិស័យពិការភាព និងជំរុញការអនុវត្តគម្រោងនេះប្រព្រឹត្តិទៅដោយជោគជ័យឆាប់រហ័ស៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026