ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចលើកទឹកចិត្តអ្នកដែលទទួលសេវាបន្សាបគ្រឿងញៀនឱ្យបំភ្លេចរឿងចាស់ខិតខំកសាងអនាគតឡើងវិញ

mosvy
25 ខែ​កញ្ញា 2023

ខេត្តព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅកែវផុស។

ក្នុងឱកាសសំណេះសំណាលជាមួយជនរងគ្រោះដែលទទួលសេវាបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលខាងលើ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី បានមានប្រសាសន៍លើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀននៅកែវផុសឱ្យប្រឹងប្រែងហាត់កីឡា ហាត់ពត់ ឡុតដំខ្លួនឱ្យមានភាពអត់ធ្មត់ និងជឿជាក់ថាសង្គមមិនមានការរើសអើងដល់អ្នកដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានបង្ហាញក្តីសង្ឃឹមថា ជនរងគ្រោះដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជាតិកែវផុសនេះ នឹងឆាប់ជាសះស្បើយឆាប់បានជួបជុំគ្រួសារ និងផ្តាំផ្ញើរឱ្យបំភ្លេចរឿងចាស់ចោល ខិតខំកសាងអនាគតឱ្យក្លាយជាទំពាំងស្នងឬស្សី ក្លាយទៅជាមនុស្សល្អជាធនធានរបស់ប្រទេសជាតិ។ លោកក៏បាននាំយកការសួរសុខទុក្ខដល់អ្នករងគ្រោះ និងមន្រ្តីអនុវត្តការងារនៅមជ្ឈមណ្ឌលជាតិកែវផុស ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

គួរឱ្យដឹងដែរថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អាចទទួលជនរងគ្រោះបានសរុបចំនួន ២ ០០០នាក់។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ មានតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើការងារបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្ដុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូលទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញ។

ទន្ទឹមនេះ មជ្ឈមណ្ឌលជាតិកែវផុសនេះ មានភារកិច្ច ទទួលយកអ្នកញៀនគ្រឿងញៀនគ្រប់ប្រភេទដោយស្ម័គ្រចិត្ត ឬក្រុមគ្រួសារ អាជ្ញាធរមាន សមត្ថកិច្ច អង្គការបញ្ជូនមក និងអ្នកដែលត្រូវបានបង្គាប់ឱ្យចូលខ្លួនព្យាបាលដោយស្ថាប័ន អយ្យការ ឬស្ថាប័នតុលាការ។ ផ្តល់សេវាបន្សាប ព្យាបាល ទាំងផ្លូវកាយ និងផ្លូវចិត្ត ដល់អ្នកញៀនគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីឱ្យជនរងគ្រោះ ជាសះស្បើយតាមក្បួនវេជ្ជសាស្ត្រ ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ផ្តល់សេវាស្ដារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀនឱ្យមានប្រក្រតីភាព និងទទួលបានចំណេះជំនាញមុននឹងធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026